Jan 25, 2012

ប្រវត្តិនំបញ្ចុក



មានសេចក្តីតំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរ​នាក់​ប្តី​ប្រពន្ធ ធ្វើស្រែស្រូវវារ ចិញ្ចឹមជីវិត ព្រោះ​គាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំ​ស្រូវ​ល្អ ដូចគេ​ដទៃ​ទៀតបាន ។ ស្រូវវារ ជាស្រូវដែល​ផ្តល់​អង្ករ​បាយ​រឹង មាន​ពណ៌​ក្រហម ​ទ្រង់​ផ្កា​ឈូក​បន្តិច ពេល​បុក​សម្រិត​រួច​ហើយ ។ ដោយ​សារ​អង្ករ​នោះ រឹង​ពេក​ដាំ​បាយ​ឆី​ មិន​សូវ​ឆ្ងាញ់ អ្នកស្រែ​ក៏​បែក​គំនិត​ធ្វើជានំ ឲ្យ​មាន​ជាតិ​ទន់​បន្តិច ដើម្បី​បរិភោគ​ស្រួល​ទំពារ​ ណា​មួយ​នៅ​តំបន់​ដែល​គាត់​រស់នៅ​សំបូរត្រី​ផង ទើប​​​នាំ​គ្នា​​ប្តី​ប្រពន្ធ​​បង់​ត្រី មក​ធ្វើ​ជា​ប្រហុក ធ្វើ​ត្រី​ឆ្អើរ​ រក្សា​ទុក​បានយូរ សម្រាប់​ឆី​ជា​អាហារ​ ។ ម៉្យាង​អង្ករ​ស្រូវវារ ជា​​អង្ករ​ដែល​អ្នកស្រែ អាច​យក​មក​ធ្វើជា​នំ​បញ្ចុក​បាន​ល្អ​ហើយ​បាន​ច្រើន​ចំនួន​ជាង​អង្ករ​ស្រូវ​ស្រែ​ធម្មតា​ទៀត​ផង ។


ថ្ងៃ​មួយ នា​រដូវ​ប្រាំង ទំនេរ​ពី​ការងារ​នៅ​ស្រែ អ្នក​ស្រែ​ជា​ប្រពន្ធ បាន​បុក​អង្ករ​ស្រូវ​វារ ស្រិត​បាន ​មួយ​ត្បាល់​ ក៏​បែក​គំនិត​យក​អង្ករ​ស្រូវ​វារ ធ្វើ​ជា​នំ​សរសៃ​ស ចាប់​ជា​ចង្វាយ រួច​ហើយ ក៏​ស្រូប​នឹង​ទឹក​សម្ល​ប្រហើរ ត្រី​ឆ្អើរ​ដាក់​ប្រហុក​ខ្ទិះ​ដូង ថែម​របោយ​បន្លែ ដែល​គាត់​បេះ​បាន នៅ​វាល​ស្រែ ឬ​ក្នុងចម្ការ​ក្រោយ​​ផ្ទះ ។ លុះ​អ្នក​ស្រែ ជា​ប្តី​ពិសា​ហើយ កើត​ជំងឺ​រាគ​រូស ព្រោះ​នំ​បញ្ចុក​នោះ ធ្វើ​អំពី​អង្ករ​ត្រាំ​ទឹក​យូរ ពេល​លាង​នំ ក៏​លាង​នឹង​ទឹក​ស្រះ អាច​ជាប់​ផ្តិត​ដោយ​មេ​រោគ ផ្សេងៗ​ ដែល​​រស់​​នៅ​ក្នុង​​ទឹក​ស្រះ​នោះ ។ មួយ​វិញ​ទៀត​ ដោយ​សារ​បន្លែ​ស្រស់ៗ​ ខ្លះ បេះ​ពី​ព្រៃ​​មក មាន​ជីវជាតិ​ជូរ ឬ​ត្រជាក់ ដូច​ជា​ល្ហុងខ្ចី ត្រួយ​ត្រកួន​ស្រស់ ត្រួយ​កន្ធំធេត ផ្កា​កំប៉ោក ផ្កា​ស្នោ​ជា​ដើម ទើប​អ្នក​ស្រែ ជា​ប្រពន្ធ ក៏​បែក​ប្រាជ្ញា បន្ថែម​ត្រយូង​ចេក​ជា​ជំនួយ​របោយ​នំ​ លុះ​ពិសា​ហើយ ក៏​លែង​រាគ​រូស ដូច​មុន​ទៀត ។ អ្នក​ស្រែ​ទាំង​ពីរ ក៏​បាន​ប្រតិស្ឋនាម​ឲ្យ​នំ​នោះ​ថា​ នំ​សរសៃ​ស្រូវ​វារ ។ នៅ​​ពេល​ដែល​អ្នក​ស្រែយើង​ធ្វើ​នំ​សរសៃ​ស្រូវ​វារ​នេះ​ម្តងៗ​ គាត់​​តែង​យក​ម្រាម​ដៃ ជា​ចង្កឹះ​ស្រវា​ចាប់​នំ បញ្ចុក​មាត់​បរិភោគ ជា​ទម្លាប់​ធម្មតា តាម​ជីវភាព​រស់​នៅ​បែប​អ្នក​​ស្រែ​ក្រី​ក្រ រួច​ហើយ​គាត់​ចាប់​នំ​បញ្ចុក ដួស​សម្ល​យក​ផ្ញើ​ញាតិ​​សន្តាន​ក្នុង​ភូមិ ឲ្យ​ពិសា​ឆ្ងាញ់​មាត់​គ្រប់ៗ​ គ្នា មិន​សូវ​លោះ​ពេល​ឡើយ ។ លុះ​​ភ្លក្ស​ស្នា​ដៃ​របស់​គាត់​ហើយ ឃើញ​ថា​ ឆ្ងាញ់ អ្នក​ស្រុក​ភូមិ​ជិត​ខាង ក៏​បាន​មក​សុំ​រៀន​ក្បួន​ធ្វើ​នំ និង​ក្បួន​ធ្វើ​ទឹក​សម្ល​ស្រូប​ពី​គាត់ ដើម្បី​យក​​ទៅ​ផ្សំ​ច្នៃ​ធ្វើ​ទឹក​សម្ល កំដរ​នំ​ឆី​តាម​ផ្ទះ​ តាម​ភូមិ តាម​ចំណូល​ចិត្ត រៀងៗ​ ខ្លួន ជា​បន្តៗ រៀង​មក ។

លុះ​ចាស់​ជរា​បន្តិចទៅ អ្នក​ស្រែ​ទាំង​ពីរ​​នាក់​ប្តី​ប្រពន្ធ​​មិន​អាច​ប្រកប​របរ​ធ្វើ​ស្រែ​បាន ព្រោះ​គ្មាន ​កូន​ចៅ​ជួយ​បន្ត​ការងារ​ក្នុង​ស្រែ​ជំនួស​គាត់ អ្នក​ស្រែ​ទាំង​ពីរ ក៏​ដូរ​មុខ​របរ មក​រែក​នំ​បញ្ចុក លក់​តាម​ភូមិ​តិច​តួច ដើម្បី​ចិញ្ចឹម​ជីវិត រៀង​រាល់​ថ្ងៃ តាម​ដំណើរ​ជីវិត​សុចរិត​របស់​គាត់​ទៅ ។ នៅ​ថ្ងៃ​មួយ​ មាន​រាជកុមារ​វ័យ​ប្រមាណ​ ៧​ វស្សា នាំ​ពល​សេនា ជិះ​សេះ​ដើរ​លេង នៅ​តាម​ស្រុក​ភូមិ​ បាន​ប្រទះ​ឃើញ​អ្នក​ស្រុក ចោម​រោម​អ្នក​ស្រែ លក់​នំ​​សរសៃ​ស្រូវ​វារ ហើយ​អួត​ថា ឆ្ងាញ់​មាត់​គ្រប់​គ្នា ក៏​ចង់​សាក​មើល​នឹង​គេ​ដែរ ។ តែ​ដោយ​តំបន់​នោះ មាន​​ភាព​ក្រី​ក្រ គេ​ឆី​នំ​សរសៃ​ស្រូវ​វារ​នឹង​ម្រាម​ដៃ​គ្រប់ៗ​ គ្នា ម្ល៉ោះហើយ​ រាជកុមារ​ក៏​ប្រែ​ចិត្ត​រា​រែក មិន​ហ៊ាន​សាក​ល្បង ព្រោះ​ខ្លាច​ប្រឡាក់​ព្រះ​ហស្ត​ ធំ​ក្លិន​មិន​ល្អ ។ រី​ឯ​អ្នកស្រែ​ទាំងពីរ កាល​បើ​បាន​ដឹង​ថា រាជកុមារ​ចង់​សោយ​នំ​របស់​ខ្លួន ក៏​ទូល​សុំ​ឲ្យ​ស្នំ​ឯក ដែល​ជា​មេ​ដោះ​របស់​រាជកុមារ យក​ដៃ​ចាប់​នំ​សរសៃ​ស្រូវ​វារ​ បញ្ចុក​រាជកុមារ​យើង ។ ដោយ​ការ​ចង់​ដឹង​នូវ​រសជាតិ សម្ល​ដ៏​សែន​ឈ្ងុយ​ឈ្ងប់ ប្លែក​ធម្មតា​ រាជកុមារ​ក៏​យល់​ព្រម​ឲ្យ​ស្នំ​ឯក​បញ្ចុក ។ ពេល​នោះ រាជកុមារ​យើង​ក៏​កើត​មាន​សេចក្តី​សោមនស្ស​នឹង​រសជាតិ​នំ​សរសៃ​ស្រូវ​វារ​ដ៏​ឆ្ងាញ់​មួយ​ចាន​នោះ​ក្រៃ​លែង ព្រម​ទាំង​ប្រទាន​​រង្វាន់​មួយ​ចំនួន​ដល់​អ្នក​ស្រែ ដែល​បាន​ធ្វើ​នំ​ឆ្ងាញ់ ។

នៅ​ពេល​រាជកុមារ យាង​ត្រឡប់​ទៅ​រាជវាំង​វិញ ក៏​តែង​ទទូច​ឲ្យ​ព្រះមាតា​តាម​រក​ទិញ "នំ​ដែល​ស្នំ​បញ្ចុក"​ នោះ ពី​អ្នក​ស្រែ​យក​មក​សោយ​នៅ​ក្នុងរាជវាំង ។ ដោយ​សារ​ខ្ជិល​ដេញ​ស្នំ​ឲ្យ​រត់​ទៅ ​ទិញ​នំ ពី​អ្នក​ស្រែ​រៀង​រាល់​ព្រឹក​ឲ្យ​រាជបុត្រ​ជា​​ទី​ស្រឡាញ់ ព្រះរាជមាតា​ក៏​បញ្ជា​ឲ្យ​សេនា​ទៅ កោះ​ហៅ​អ្នក​ស្រែ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ មក​ធ្វើ​នំ​សរសៃ​ស្រូវ​វារ ប្រចាំ​ការ​សម្រាប់​រាជកុមារ សោយ​នៅ​ក្នុង​រាជវាំង​រៀង​រហូត​ជា​អចិន្ត្រៃយ៍​តែ​ម្តង ។ ចំណេរ​ត​មក ឈ្មោះ"នំ​សរសៃ​ស្រូវ​វារ" ក៏​លែង​មាន​នរណា​ហៅ​តទៅ​ទៀត​ដែរ ។ គេ​ទម្លាប់​នាំ​គ្នា​ ហៅ​ថា "នំ​ដែល​ស្នំ​បញ្ចុក" ​ជា​ជំនួស​វិញ យ៉ាង​​ប្រជាប្រិយ ។ លុះ​យូរ​វេលា​ចេរកាល ក្រោយ​មក​ទៀត ក៏​ត្រូវ​គេ​ហៅ​កាត់ៗ​ ខ្លីៗ ថា "នំ​បញ្ចុកៗ" បន្ត​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

អ្នកស្រីកែវច័ន្ទបូរណ៍