ជាបឋម ចូរយើងក្រឡេកមើលត្រួសៗ ទៅលើនិយមន័យរបស់ពាក្យរាំវង់ ក្នុងបរិបទខ្មែរ-មន ឬមន-ខ្មែរ ។ ពាក្យ “រាំ”ដែលជាកិរិយាស័ព្ទគឺជាការសម្តែងភាពរីករាយសប្បាយតាមកាយវិការខ្លួនប្រាណជើងដៃជាដើម ហើយពាក្យរបាំគឺជាពាក្យកើតចេញពីពាក្យរាំ ។ រីឯពាក្យ "វង់” ដែលជានាម គឺមានន័យថា រង្វង់ឬមូល ។
តើរបាំរាំវង់កើតឡើងនៅពេលណា ? សំនួរនេះមានសារៈសំខាន់ណាស់ សម្រាប់ជនជាតិខ្មែរដែលចាត់ទុករបាំនេះ ជាមរតកវប្បធម៌អរូបីយប្រចាំជាតិរបស់ខ្លួនរួចទៅហើយនោះ ។
តើរបាំរាំវង់កើតឡើងនៅពេលណា ? សំនួរនេះមានសារៈសំខាន់ណាស់ សម្រាប់ជនជាតិខ្មែរដែលចាត់ទុករបាំនេះ ជាមរតកវប្បធម៌អរូបីយប្រចាំជាតិរបស់ខ្លួនរួចទៅហើយនោះ ។
បើតាមការស្រាវជ្រាវរបស់យើង និងលោក ទុំ ពេជ្រក្រវិល កន្លងមកនេះ រាំវង់ខ្មែរបច្ចុប្បន្នកើតចេញពីរាំវង់របស់សហគមន៍ខ្មែ ដើមឬខ្មែរលើ ដែលជាជនជាតិភាគតិច ដូចជា ព្នង គ្រឹង ព្រៅ និងទំពូន ដែលភាគច្រើនរស់នៅតាមតំបន់ខ្ពង់រាប ឬព្រៃភ្នំ ក្នុងភូមិភាគឦសាន នៃប្រទេសខ្មែរបច្ចុប្បន្នក៏ដូចនៅប្រទេសវៀតណាមសណ្តខាងត្បូងនិងនៅ ប្រទេសលាវជាដើម។បន្ថែមពីនេះទៀតដោយសារតែនៅប្រទេសសៀម ឬនៅតំបន់ផ្សេងៗឯទៀតមួយចំនួន ដែលមានជនជាតិខ្មែររស់នៅយ៉ាងកុះករនៅឡើយ កំពុងពេញនិយមរបាំខាងលើនេះដែរ ។យើងអាចចាត់ទុកថា ប្រការនេះគឺជាភស្តុតាងបង្ហាញឲ្យដឹងថា របាំរាំវង់ត្រូវបានបង្កើតឡើង ដោយបុព្វការីជនខ្មែរយ៉ាងពិតប្រាកដ ឥតក្លែងក្លាយ ក្នុងអតីតកាលដ៏យូរលង់មួយមុនឥទ្ធិពលឥណ្ឌា ។
ពាក់ព័ន្ធទៅនឹងប្រភពនៃរបាំនេះ សូមជម្រាបថា គំនូរលើជញ្ជាំងភ្នំនាសម័យបុរេប្រវត្តិសាស្ត្រមួយចំនួនដែលគេបាន ជួបប្រទះ ជាអំណះអំណាងដំបូងបំផុតនៃប្រពៃណីរាំវង់នេះ ។
ដូចបានកត់សម្គាល់រួចមកហើយ ការដែលសហគមន៍មន-ខ្មែរនិងខ្មែរ និយមប្រតិបត្តិរបាំរាំវង់នេះជាពិសេសនៅពេលដែលចូល ឆ្នាំថ្មីខ្មែរ ឬក៏នៅពេលដែលចូលរស់នៅភូមិថ្មីម្តងៗ ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងជីវិតប្រចាំថ្ងៃ ឆ្លុះបញ្ចាំងឲ្យឃើញនូវខឿនវប្បធម៌រួម រវាងខ្មែរនិងកុលសម្ព័ន្ធព្នងរស់នៅតាមតំបន់ខ្ពង់រាប។លើសពីនេះទៀត ឆ្លងតាមការសិក្សាវិភាគបង្ហាញថារបាំរាំវង់ពិតជាមានលក្ខណៈពិសេសមែន ដែលបង្កប់នូវអត្ថន័យស៊ីជម្រៅក្រៃលែង ។ ដូចឧទាហរណ៍ខាងលើ រាំវង់ខ្មែរមិនគ្រាន់តែតំណាងឲ្យភាពរីករាយសប្បាយ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ធ្វើឲ្យយើងឃើញនូវលក្ខណៈពិសិដ្ឋរបស់ជំនឿដូនតាផងដែរ ។ ពីព្រោះ ក្នុងប្រព័ន្ធគំនិតរបស់មនុស្សបុរាណ ការរាំជាវង់ឬរង្វង់មូលមានន័យថាការធ្វើឲ្យកើនឡើងនូវកម្រិតថាមពល ដ៏ពិសិដ្ឋរបស់ធម្មជាតិដែលអាចនាំមកឲ្យចំពោះខ្លួននូវកម្លាំងពលំ ព្រមទាំងជាមួយនេះផងដែរ ភាពរីករាយសប្បាយឥតខ្ចោះ ។ ដូចនេះ បើយើងពិនិត្យមើលរាំវង់ខ្មែរ ផ្នែកនិមិត្តរូបវិញ យើងឃើញថា រង្វង់មូលដែលរមែងតែបង្កប់នូវលក្ខណៈដ៏ពិសិដ្ឋសកលមួយ ពិតជាតំណាងឲ្យស្នូលនៃជីវិត ដោយហេតុថា ក្នុងសង្គមបុរាណ អ្វីៗទាំងអស់ ក្នុងលោកយើងនេះសុទ្ធតែកើតចេញពីចំណុចស្នូលកណ្តាល ដែលជាចំណុចផ្តើមនូវជីវិត ដូចជា ខ្យល់ ព្យុះសង្ឃរា ពពក ទឹកកួច ។ល។ ដែលតំណាងឲ្យឥទ្ធិពលធម្មជាតិ ។
ដូច្នេះហើយ បានជាខ្មែរបុរាណជឿជាក់ថា ភាពត្រជាក់ត្រជុំ និងសិរីមង្គលពិតជានឹងកើតមានឡើងពុំខាន កាលបើគេរាំជាវង់ៗ ។ ម្យ៉ាងវិញទៀតវង្វង់មូលនេះក៏អាចជួយបីបាច់ថែរក្សាពួកគេក្នុងការ ទប់ទល់នឹងឧបទ្រពចង្រៃទាំងឡាយមកពីក្រៅដែលយាយីសហគមន៍មនុស្ស ។
សរុបសេចក្តីមក យើងអាចនិយាយជារួមឡើងវិញ ដែលពុំអាចឲ្យយើងមានមន្ទិលសង្ស័យបានឡើយនោះ គឺអត្ថន័យស៊ីជម្រៅ នៃចំណុចស្នូលកណ្តាលវង់ឬរង្វង់មូលដែលមនុស្សខ្មែរបុរាណជឿជាក់ថា ជាការចាប់ផ្តើមឡើងនូវអ្វីៗទាំងអស់ពីព្រោះរាល់សកម្មភាពឬថាមពល ទាំងអស់ជុំវិញនៃពិភពលោកគឺសុទ្ធតែផ្តើមឡើងពីចំណុចកណ្តាលនេះឯងហើយ បន្ទាប់មកក៏បានរីករាលដាលធំទៅៗដោយមានសណ្ឋានជាក្បាច់គូថខ្យងហើយ នៅទីបញ្ចប់ក៏គ្របដណ្តប់ទូទាំងចក្រវាឡយ៉ាងឆាប់រហ័ស។គឺ ក្នុងករណីនេះការរាំជាវង់ៗឬរង្វង់មូលត្រូវបានគេចាត់ទុកថា ជាដើមហេតុនៃឥទ្ធិពល ប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ មិនមានលក្ខណៈខុសប្លែកពីអ្វី ដែលគេធ្លាប់មានក្នុងផ្នត់គំនិត គឺដំណើរនៃវិញ្ញាណដែរ ។ តាមពិតទៅ តាមកាយវិការនេះ គេចង់បង្ហាញពីគោលបំណងរបស់គេ ហើយនេះក៏ជាជំហានទីមួយនាំទៅកាន់ សេចក្តីសុខសប្បាយឬសិរីមង្គល ។
មូលហេតុដែលខ្មែររាំវង់ គឺពិតជាផ្តើមចេញពីទស្សនៈខាងលើនេះ ហើយវាក៏មិនមែនជារឿងចៃដន្យឡើយគឺដោយសារតែជំនឿ សាសនាយ៉ាងប្រាកដ ។ តែសំខាន់បំផុត ដែលយើងត្រូវកត់ត្រា របាំរាំវង់ដែលជាទម្លាប់បានក្លាយទៅជា ទស្សនៈទម្លាប់ប្រពៃណីប្រជាជាតិខ្មែរ ហើយត្រូវបានប្រារព្ធរហូតដល់សព្វថ្ងៃ ៕
(ម.ត្រាណេ)





